គម្រោង CASDP កំពុងជំរុញផលិតកម្មស្រូវដោយផ្តល់ម៉ាស៊ីនគោយន្តចំនួន ២៥ គ្រឿង ដែលជាផ្នែកមួយសំខាន់គាំទ្រសហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ

ចេញ​ផ្សាយ​ 25 May 2026
5
ខេត្តបាត់ដំបង៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការបង្កើតសហគមន៍កសិកម្មទំនើបឱ្យបានច្រើន (MACs) ដើម្បីធ្វើទំនើបកម្មកសិកម្មនៅកម្ពុជា តាមរយៈការកាត់បន្ថយថ្លៃដើមផលិតកម្ម និងកសាងទីផ្សារប្រកួតប្រជែងសម្រាប់កសិករនាពេលអនាគត!
សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យជាឧទាហរណ៍ជោគជ័យមួយ និងឈានមុខគេនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។ សហគមន៍មានសមាជិកចំនួន ១៨៧ នាក់ ដែលបានប្តេជ្ញាចិត្តចូលរួមអនុវត្តគម្រោង និងមានផ្ទៃដីដាំដុះស្រូវចំនួន ៩៣៥ ហិកតា សម្រាប់អនុវត្តរួមគ្នាឱ្យទទួលបានជោគជ័យ និងផ្តល់ផលប៉ះពាល់ច្រើនសម្រាប់សេដ្ឋកិច្ចសហគមន៍។
គម្រោង CASDP ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ (MAFF, MEF, MoWRAM និង MRD) បានផ្តល់គ្រឿងចក្រកសិកម្ម រួមមានម៉ាស៊ីនគោយន្តចំនួន ២៥គ្រឿង និងគ្រឿងបង្គុំមួយចំនួនទៀត គាំទ្រដល់ការបង្កើនផលិតកម្មស្រូវបានប្រសើរជាងមុន កាត់បន្ថយការខូចខាតគ្រាប់ស្រូវ និងរក្សាបានគុណភាពល្អ។
ដូចគ្នាទៅនឹងសហគមន៍ទំនើបចំនួន ២៧ ផ្សេងទៀត ការដែលមានគ្រឿងចក្រកសិកម្មទាំងនេះនៅក្នុងដៃ នឹងអនុញ្ញាតឱ្យសហគមន៍កសិកម្មទំនើបមានលទ្ធភាពរៀបចំផែនការផលិតកម្មស្រូវ និងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជនមុនពេលប្រមូលផល ដែលអាចធានាបាននូវតម្លៃល្អ និងមានទីផ្សារកាន់តែប្រសើរ។
សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ និងសមាជិករបស់ខ្លួនទទួលបានអត្ថប្រយោជន៍ពី CASDP តាមរយៈការចំណាយផលិតកម្មទាប ការដាំដុះកាន់តែច្រើន និងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ ការផ្តល់គ្រឿងចក្រកសិកម្មនៅពេលនេះ មានគោលបំណងសំខាន់កាត់បន្ថយថ្លៃដើម ជំនួសកម្លាំងពលកម្ម និងដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មដែលបណ្តាលមកពីការធ្វើចំណាកស្រុកនៃយុវជនពេញកម្លាំង។