តាកែវ៖ ពិបាករកធាតុចូលកសិកម្មដែលមានគុណភាពខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធជនបទមិនល្អ ជារឿយៗតែងរារាំងកសិករខ្នាតតូចមិនឱ្យជ្រៀតចូលទៅក្នុងទីផ្សារដើម្បីរកប្រាក់ចំណេញបាន។ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) និងរាជរដ្ឋាភិបាល តាមរយៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ (MAFF, MEF, MoWRAM និង MRD) កំពុងធ្វើការរួមគ្នាយ៉ាងសកម្ម ដើម្បីមានការផ្លាស់ប្តូរ។
ជាក់ស្តែងនៅសប្តាហ៍នេះ សហគមន៍កសិកម្មចំប៉ាសែនជ័យ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ បានទទួលធាតុចូលកសិកម្មសំខាន់ៗ រួមទាំងគ្រាប់ពូជ ជី និងគ្រឿងចក្រកសិកម្មដែលមានគុណភាពខ្ពស់។
ធាតុចូលកសិកម្មទាំងនេះ ត្រូវបានផ្តល់ជូនសហគមន៍កសិកម្ម តាមរយៈហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% បន្ថែមពីលើការគាំទ្រ ១០០% សម្រាប់កែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវដឹកជញ្ជូន និងប្រព័ន្ធស្រោចស្រព សំដៅកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនទិន្នផលដំណាំ និងជំរុញសន្តិសុខស្បៀង។
គម្រោងនេះនឹងផ្តល់ផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់៖
• គ្រួសារចំនួន ៥៣ នៅក្នុងសហគមន៍កសិកម្មដែលកំពុងផលិតបន្លែស្រស់ៗប្រមាណ ៧00 តោនជារៀងរាល់ឆ្នាំ (ត្រសក់ ឪឡឹក ល្ពៅ និងត្រសក់ផ្អែម)។
• គ្រួសារចំនួន ៧១៣ នៅទូទាំងភូមិចំប៉ា ភូមិសំរោង និងភូមិចេក ដែលនឹងទទួលបានអត្ថប្រយោជន៍ពីផ្លូវកសិកម្មដែលទើបនឹងកែលម្អថ្មី។
• សមាជិកចំនួន ២,៨៦៨ នាក់ (រួមទាំងស្ត្រីចំនួន ១,៤៥៤ នាក់) ដែលបច្ចុប្បន្ននេះមានផ្លូវដឹកជញ្ជូនគួឱ្យទុកចិត្តបាន ពីកសិដ្ឋានទៅកាន់ទីតាំងប្រមូលផ្តុំស្តុកបន្លែ មុនពេលនាំចេញចែកចាយទៅកាន់ទីផ្សារនានា។
យើងមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលទាំងនេះ និងការរីកចម្រើនប្រកបដោយចីរភាពក្នុងសហគមន៍កសិកម្មយើង។