សហគមន៍កសិកម្មទំនើបស្រូវអង្ករគុណភាពមោងឬស្សីទទួលបានម៉ាស៊ីនគោយន្តចំនួន៦៩ គ្រឿង និងគ្រឿងបង្គុំ១ឈុតសម្រាប់ជំរុញផលិតកម្មស្រូវ ដើម្បីកំណើនចីរភាពសហគមន៍

ចេញ​ផ្សាយ​ 25 May 2026
3
បាត់ដំបង៖ គម្រោងពិពិធកម្មកសិកម្មកម្ពុជាមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ម៉ាស៊ីនគោយន្តចំនួន៦៩ គ្រឿង និងគ្រឿងបង្គុំ១ឈុត ដល់សហគមន៍កសិកម្មទំនើបស្រូវអង្ករគុណភាពមោងឬស្សី ក្នុងខេត្តបាត់ដំបង។ សមិទ្ធផលនេះបានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកសិកម្មទំនើប។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CASDP បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ទទួល ដែលបានប្រព្រឹត្តទៅនៅការិយាល័យរបស់សហគមន៍នៅថ្ងៃទីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៦។ ដោយសារមានការគាំទ្រពីធនាគារពិភពលោក (World Bank) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូរអន្តរក្រសួងទាំងអស់ដែលជាអង្គភាពអនុវត្តគម្រោង (IA) រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) និងក្រសួងអភិវឌ្ឍន៍ជនបទ (MRD) ចំពោះការគាំទ្រក្នុងការអនុវត្តសកម្មភាពគម្រោង CASDP ដែលបានរួមគ្នាកសាងសហគមន៍កសិកម្មឱ្យរឹងមាំ និងមានប្រសិទ្ធភាពជាងមុន។
ជាលទ្ធផល គ្រឿងចក្រកសិកម្មនេះអនុញ្ញាតិឱ្យសមាជិកសហគមន៍មានលទ្ធភាពបង្កើនទិន្នផលស្រូវ តាមរយៈការអនុវត្តយុទ្ធសាស្ត្រដាំដុះទំនើប ក្រោមគំនិតផ្តួចផ្តើមគម្រោង CASDP។
សហគមន៍កសិកម្មទំនើបស្រូវអង្ករគុណភាពមោងឬស្សី ជាសហគមន៍កសិកម្មមួយក្នុងចំណោមសហគមន៍កសិកម្មចំនួន ៧៥ និងក្នុងចំណោមសហគមន៍កសិកម្មទំនើបចំនួន ២៨ ដែលទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ក្នុងទម្រង់ជាការផ្គត់ផ្គង់ធាតុចូលកសិកម្មពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមគម្រោង CASDP។ ជំនួយឥតសំណងនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈមដែលសហគមន៍កសិកម្មកំពុងជួបប្រទះ ដូចជា ខ្វះឱកាសទទួលបានធាតុចូលកសិកម្ម និងបច្ចេកទេសកែច្នៃដែលចាំបាច់សម្រាប់ការធ្វើកសិធុរកិច្ចប្រកបដោយជោគជ័យ។