ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់មាន់ស្រែតាមរយៈការកែលម្អផ្នែកដឹកជញ្ជូនពីកសិដ្ឋានទៅកាន់ទីផ្សារ

ចេញ​ផ្សាយ​ 25 May 2026
3
ភាពជោគជ័យក្នុងការធ្វើកសិកម្មមិនអាស្រ័យតែទៅលើផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែវាអាស្រ័យផងដែរលើមធ្យោបាយដឹកជញ្ជូនចែកចាយយ៉ាងមានប្រសិទ្ធភាពទៅកាន់ទីផ្សារ។ សប្តាហ៍នេះមានព្រឹត្តិការសំខាន់ ដែលសហគមន៍កសិកម្មទំនើបមាន់ស្រែបន្លែសុវត្ថិភាពអូផុត ខេត្តតាកែវ បានទទួលឡានដឹកទំនិញមួយគ្រឿងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដើម្បីគាំទ្រការអនុវត្តខ្សែច្រវាក់តម្លៃផ្នែកដឹកជញ្ជូន។
ការប្រគល់ឡានដឹកទំនិញនៅពេលនេះ ធ្វើឡើងក្រោមហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% តាមរយៈគម្រោង CASDP ដោយមានការគាំទ្រផ្នែកហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ (MAFF, MEF, MoWRAM និង MRD)។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងសន្តិសុខស្បៀងក្នុងស្រុក ដោយផ្តល់ការគាំទ្រផ្នែកដឹកជញ្ជូនដោយផ្ទាល់ដល់វិស័យបសុសត្វ និងពង្រឹងអំណាចដល់កសិករខ្នាតតូច។
នេះជាការវិនិយោគមួយដែលបានបំពេញតម្រូវការការអនុវត្តខ្សែសង្វាក់តម្លៃផលិតកម្មមាន់ស្រែ តាមរយៈការគាំទ្រនៅគ្រប់ដំណាក់កាលនីមួយៗនៃខ្សែច្រវាក់ផលិតកម្ម ដោយចាប់ពីការគិតគូរពីគុណភាពចំណី និងការថែទាំសត្វរហូតដល់ការដឹកជញ្ជូន ដើម្បីប្រែក្លាយសមាជិកសហគមន៍កសិកម្មពីកសិករគ្រួសារឱ្យក្លាយជាម្ចាស់អាជីវកម្មដែលមានការប្រកួតប្រជែង។