វឌ្ឍនភាពគម្រោងក្នុងការជម្រុញប្រសិទ្ធភាពសហគមន៍កសិកម្ម

ចេញ​ផ្សាយ​ 25 May 2026
3
សូមអបអរសាទរចំពោះគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការធ្វើទំនើបកម្មសហគមន៍កសិកម្ម។ សប្តាហ៍នេះ គម្រោងបានប្រគល់គ្រឿងចក្រកសិកម្មថ្មីចំនួនពីរគ្រឿង និងម៉ាស៊ីនគោយន្ត១៦ គ្រឿង ដល់សហគមន៍កសិកម្មចំរើនផលរាំងកេសី នៅស្រុកសង្កែ ខេត្តបាត់ដំបង។
ដោយមានការគាំទ្រផ្នែកហិរញ្ញប្បទានពីធនាគារពិភពលោក (WB) និងអនុវត្តដោយក្រសួងពាក់ព័ន្ធ រួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្ន សហគមន៍បានទទួលគ្រឿងយន្តកសិកម្មទំនើបៗ សំដៅគាំទ្រសហគមន៍ឱ្យសម្រេចបានកំណើនប្រកបដោយចីរភាព និងមានភាពធន់។ ឧបករណ៍កសិកម្មទាំងនេះនឹងជួយកសិករជាសមាជិកសហគមន៍ក្នុងការពន្លឿនការងាររៀបចំដី ការប្រមូលផល បង្កើនទិន្នផលដំណាំ ការគ្រប់គ្រងក្រោយពេលប្រមូលផល និងបង្កើនប្រសិទ្ធភាពធនធាន ដែលអាចរក្សាបាននូវភាពប្រកួតប្រជែងខ្ពស់។
ការផ្តល់ជូនគ្រឿងចក្រកសិកម្មនៅពេលនេះ ជាគោលដៅសំខាន់របស់គម្រោង ចំពោះការអភិវឌ្ឍន៍ជនបទ។ នាឱកាសនោះដែរ តំណាងក្រុមហ៊ុនផ្គត់ផ្គង់បានបណ្តុះបណ្តាលបន្ថែម លើបច្ចេកទេសប្រើប្រាស់ជាក់ស្តែង ដើម្បីធានាថា សមាជិកទាំងអស់អាចដំណើរការ និងថែទាំឧបករណ៍បានដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។
តាមរយៈការលើកកម្ពស់គុណភាពគ្រាប់ពូជ ការរៀបចំដី និងទទួលបានធាតុចូលកសិកម្មកាន់តែប្រសើរជាងមុន គម្រោង CASDP មានគោលបំណងជួយកសិករជាសមាជិកសហគមន៍កសិកម្មចំរើនផលរាំងកេសី នៅក្នុងភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង អាចធានាស្ថេរភាពតម្លៃស្រូវក្រអូបបានប្រសើរឡើង មានផលិតភាពខ្ពស់ និងស្របតាមស្តង់ដារនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
យើងមានពិតជាមានមោទនភាពក្នុងការបន្តចែករំលែកព័ត៌មានថ្មីៗ តាមរយៈការពង្រឹងការតភ្ជាប់ទីផ្សារ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ។