សហគមន៍កសិកម្មតាសីសាមគ្គីនៅក្នុងខេត្តបាត់ដំបង ជាសហគន៍កសិកម្មដែលបានអនុវត្តធុរកិច្ចទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ សហគមន៍មានសមត្ថភាពសង់ផ្ទះសំណាញ់ជាង១,000 ខ្នងសម្រាប់សមាជិករបស់ខ្លួន និងកសិករផ្សេងទៀត និងសហការជាមួយកសិករចំនួន២៧២ នាក់ ដើម្បីនាំចេញបន្លែសរីរាង្គចន្លោះពី២ ទៅ២.៥ តោនជារៀងរាល់ថ្ងៃ។
គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។ គម្រោង CASDP ត្រូវបានអនុវត្តន៍ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម។
មកទល់នឹងពេលនេះ សហគមន៍កសិកម្ម "តាសីសាមគ្គី" ស្រុកថ្មគោល ខេត្តបាត់ដំបង បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលមានតម្លៃជិត ១,៨៩ លានដុល្លារអាមេរិក ដែលភាគច្រើនសម្រាប់សង់ផ្ទះសំណាញ់ចំនួន២២៥ខ្នង កែលម្អផ្លូវកសិកម្មប្រវែង៧.៥គីឡូម៉ែត្រ ប្រព័ន្ធធារាសាស្ត្រ និងឧបករណ៍ផ្សេងៗទៀត។
ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង បានសង្កត់ធ្ងន់ថា នេះជាការវិនិយោគសាធារណៈក្នុងទ្រង់ទ្រាយធំមួយពីសំណាក់រាជរដ្ឋាភិបាល ចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋាន នៅលើទីតាំងដែលសក្តានុពលសម្រាប់វិស័យកសិកម្ម។ ជឿជាក់ថា បងប្អូនកសិករជាច្រើនគ្រួសារទៀតនៅក្នុងតំបន់នេះ នឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ផង និងដោយប្រយោលផង ពីការវិនិយោគដ៏មានអត្ថន័យមួយនេះ។
សហគមន៍កសិកម្មបានធ្វើពិពិធកម្មប្រតិបត្តិការរបស់ខ្លួនដោយរួមបញ្ចូលធាតុចូលផ្នែកដំណាំកសិកម្ម ប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងផលិតផលម្ហូបអាហារ។ នេះជាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កសិកម្មសរីរាង្គ និងការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព។ ការយកចិត្តទុកដាក់ និងផ្តល់តម្លៃផលិតផលសមស្រប ប្រកបដោយស្ថិរភាព និងសមរម បានធ្វើឱ្យសហគមន៍ក្លាយជាតួអង្គសំខាន់ក្នុងវិស័យឧស្សាហកម្មកសិកម្ម។
កិច្ចព្រមព្រៀងនេះដែរ ជាដំណាក់កាលទី២ នៃការអនុវត្តផែនការអាជីវកម្ម តាមរយៈការសាងសង់ផ្ទះសំណាញ់ចំនួន៥០ សម្រាប់ផលិតកម្មបន្លែសុវត្ថិភាពជាលក្ខណៈគ្រួសារ ដែលជាមធ្យមកសិករអាចផលិតបាន ៣៧ តោនក្នុង១វដ្តរដូវ ឬ ២៣០ តោន/ឆ្នាំ ដោយផ្តល់ប្រាក់ចំណូលជាមធ្យម ២៩,0៥0 ដុល្លារ ក្នុងមួយវដ្តរដូវប្រមូលផល ឬ ១៦៩,៨២0 ដុល្លារក្នុងមួយឆ្នាំសម្រាប់កម្រិតសមាជិកកម្នាក់ៗ។ សម្រាប់កំរិតក្រុមផលិតវិញ កិច្ចព្រមព្រៀងនឹងផ្តល់ផ្ទះសំណាញ់ចំនួន ១៧៥ខ្នង សម្រាប់ផលិតផលបន្លែសុវត្ថិភាពដូចគ្នា ជាមធ្យមអាចផលិតបាន ១៣០ តោនក្នុង១វដ្តរដូវប្រមូលផល ឬ ៨១៨ តោន/ឆ្នាំ ដោយផ្តល់ប្រាក់ចំណូលជាមធ្យម ៧៧,៤៨៦ ដុល្លារ ក្នុងមួយវដ្តរដូវ ឬ ៤៥៨,២៣0 ដុល្លារ ក្នុង១ឆ្នាំសម្រាប់លក់ឱ្យសហគមន៍កសិកម្ម។
លើសពីនេះ គម្រោង CASDP នឹងផ្តល់ការគាំទ្រ១០០% សម្រាប់ការកែលម្អផ្លូវកសិកម្ម ដែលមានប្រវែង ៧.៤៥ គីឡូម៉ែត្រ ដោយចំណាយថវិកាសរុប ៨៥៨.៤៨៣ ដុល្លារអាមេរិក និងប្រព័ន្ធធារាសាស្ត្រក្រៅកសិដ្ឋាន តាមរយៈការស្តារបឹងមួយកន្លែងមានទំហំ ៤៥មx១១០មx២ម ចំណាយថវិកាសរុប ៧៦១.០០០ ដុល្លារ។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៥ នៅការិយាល័យសហគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង CASDP/MAFF និង លោកជំទាវ ចំរើន មុទិតា ប្រធានក្រុមការងារគម្រោង CASDP-WB ។ និងមានការអញ្ជើញចូលរួមដោយតំណាងអង្គភាពអនុវត្តគម្រោង CASDP (MAFF, MEF, MOWRAM, MRD) ទីប្រឹក្សាគម្រោង តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនងនេសាទខេត្តបាត់ដំបង (PDAFF) អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍កសិកម្ម (AC) ប្រមាណ ៥0 នាក់បានចូលរួម។